នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤ ក្នុងជំនួបជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការហ្វ្រង់កូហ្វូនី ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង បានប្រគល់លិខិតតែងតាំងផ្លូវការ ជូន លោកជំទាវអគ្គលេខាធិការ ក្នុងនាមជាតំណាងផ្ទាល់នៃប្រទេសកម្ពុជាប្រចាំក្រុមប្រឹក្សាអចិន្ត្រៃយ៍ ហ្វ្រង់កូហ្វូនី (CPF)។
ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសសមាជិកស្ថាបនិកនៃអង្គការនេះ កម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ភាសាបារាំង តាមរយៈអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អង្គការ OIF ដែលបានគាំទ្របេក្ខភាពកម្ពុជា ដើម្បីធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ។
នោះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណតម្លៃហ្វ្រង់កូហ្វូនី ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានប្រទេស (ប្រើប្រាស់ភាសាបារាំង) ចំនួន ៨៨ ជាសមាជិក: ៥៤ប្រទេស ជាសមាជិកពេញសិទ្ធិ ៧ប្រទេស ជាសមាជិកមិនពេញសិទ្ធិ និង ២៧ប្រទេស ជាសមាជិកសង្កេតការណ៍។